ផែនការយុទ្ធសាស្ត្រផលិតផលសុខាភិបាល ២០២៣-២០៣០
ផែនការយុទ្ធសាស្ត្រផលិតផលសុខាភិបាលជំហានទីបីមានគោលបំណងបំពេញបន្ថែមទៅលើផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ ២០២៣-២០៣០ និងផ្តល់ការណែនាំដល់ការអភិវឌ្ឍវិស័យនេះ និងដល់ម្ចាស់ជំនួយដែលបានចាប់អារម្មណ៍ក្នុងការគាំទ្រការអភិវឌ្ឍវិស័យឱសថសម្រាប់រយៈពេលពីឆ្នាំ ២០២៣-២០៣០ បន្ទាប់ពីផែនការយុទ្ធសាស្ត្រវិស័យឱសថលើកទីមួយ និងទីពីរសម្រាប់រយៈពេលពីឆ្នាំ ២០០៥-២០១០ និង ២០១៣-២០១៨ បានផ្តល់ការណែនាំដល់ការអភិវឌ្ឍវិស័យឱសថ (សារធាណៈនិងឯកជន) និងដល់ម្ចាស់ជំនួយដែលបានចាប់អារម្មណ៍ក្នុងការគាំទ្រការអភិវឌ្ឍវិស័យនេះនៅប្រទេសកម្ពុជាដំណើរការរៀបចំផែនការយុទ្ធសាស្ត្រនេះដឹកនាំដោយនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង(DDF) ដោយមានការចូលរួមពីឃ្លាំងឱសថកណ្ដាល(CMS) មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល(NHQC)និងស្ថាប័នពាក់ព័ន្ធដទៃទៀតរួមទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយមានជំនួបច្ចេកទេស និងហិរញ្ញវត្ថុត្រូវបានផ្តល់ពីអង្គការសុខភាពពិភពលោក។
ក្រសួងសុខាភិបាលប្ដេជ្ញាចិត្តបន្តកែលម្អគុណភាពវិស័យឱសថ។ គោលបំណងគឺផ្តល់ការថែទាំសុខភាពដែលមានគុណភាពល្អប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនកម្ពុជាជាពិសេសអ្នកក្រីក្រ និងអ្នកដែលរស់នៅក្នុងតំបន់ជនបទដាច់ស្រយាល។ ជាការពិត ការកែលម្អជាប្រចាំនូវគុណភាពសេវាកម្ម និងផលិតផលនៅក្នុងវិស័យឱសថធ្វើឲ្យអត្រាជំងឺ និងអត្រាស្លាប់អាចត្រូវបានកាត់បន្ថយ។ ដូច្នេះ សកម្មភាពនេះនឹងមានឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល។
ការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលដើម្បីកែលម្អគុណភាពវិស័យឱសថត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសកម្មភាពជាយុទ្ធសាស្ត្រ និងលទ្ធផលដែលត្រូវសម្រេចបានដូចមានរៀបរាប់នៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល៧ឆ្នាំនេះ។ ផែនការនេះរួមបញ្ចូលក្របខណ្ឌអនុវត្តមួយដែលមានសកម្មភាពច្បាស់លាស់ និងជាក់ស្តែងប្រសិនបើត្រូវបានអនុវត្ត(មួយជំហានម្តងៗ)ក្នុងរយៈពេលប្រាំពីរឆ្នាំបន្ទាប់ នឹងផ្តល់នូវភាពប្រសើរឡើងទាំងក្នុងវិស័យឱសថនិងវិស័យដទៃទៀតក្នុងប្រទេសទាំងមូល។ ទោះជាយ៉ាងណា លទ្ធផលរំពឹងទុកទាំងនេះមិនអាចសម្រេចបានដោយវិស័យឱសថតែមួយបានទេ។ វិស័យឱសថគឺជាផ្នែកយ៉ាងសំខាន់មួយនៃវិស័យសុខាភិបាលទាំងមូល។ ដូច្នេះ ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធដទៃទៀតក្នុងរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនឹងបន្តការគាំទ្រមន្ត្រី និងការងារទាំងអស់នៅក្នុងវិស័យឱសថនេះ។ ការបន្តជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុពីម្ចាស់ជំនួយមានសារៈសំខាន់ជាសារវន្ត និងមានគុណតម្លៃដើម្បីទទួលបាននូវលទ្ធផលដែលបានបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្រ្តនេះ។








